ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយឈ្មោះ NSSF Self Service ដោយខ្លួនឯងចំនួន៣២គ្រឿង នៅតាមមន្ទីរពេទ្យជាតិចំនួន១២ នៅក្នុងរាជធានីភ្នំពេញ។

​ម៉ា​ស៊ីន​ NSSF Self Service គឺជាជាម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អ​នុញ្ញាតឱ្យសមាជិក ប.ស.ស. ដែលជាម្ចាស់បណ្ណ​អាច​ព្រីនទម្រង់ប្រើ​ប្រាស់​សេវារបស់ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​ និង​​ឆាប់​​រហ័ស នៅតាមមន្ទីរពេទ្យក្នុងតំបន់ដែលបានតម្លើង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​រួច​រាល់​។

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បា​នឱ្យដឹងថា បច្ចុ​ប្បន្នម៉ា​ស៊ីន NSSF Self Service  បានដាក់​បំពាក់នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ជាតិ​ចំនួន១២ ដែលមានសរុបចំនួន ៣២គ្រឿង។

លោកបន្ថែមថា ការដាក់​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យ​សេវា ប.ស.ស. គឺជាជំហាន​សំខាន់​ក្នុងការ​ពន្លឿន​ផ្តល់​សេ​វា​សា​ធារណៈឱ្យ​កាន់​តែលឿន រហ័ស មាន​តម្លាភាព និង​ងាយ​ស្រួល​សម្រាប់​សមា​ជិកប្រើប្រាស់សេវា ប.ស.ស.។ ប្រព័ន្ធនេះ​មិនត្រឹម​ជួយ​កាត់បន្ថយ​ពេល​វេលា​រង់​ចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​​ជួយ​​បង្ការ​ការ​ក្លែង​​បន្លំព័ត៌មាន និងធានា​សមា​ជិក ប.ស.ស. ទទួល​បាន​សេវាត្រឹមត្រូវតាមលំដាប់។

ក្រសួងការងារ និងវិជ្ជាជីវៈ បានបញ្ជាក់ថា ម៉ាស៊ីន NSSF Self Service មានសារៈ​ប្រយោជន៍​ជាច្រើ​នរួម​មាន ស​មាជិក​អាចព្រីន​ទម្រង់ប្រើ​ប្រាស់​សេវា​ដោយ​ខ្លួន​ឯង សេ​វាលឿន រហ័ស និងទាន់ពេលវេលា កាត់បន្ថយការក្លែងបន្លំ សមា​ជិក​អាច​ទទួល​សេ​វា​តាមលំ​ដាប់ មន្ទីរពេទ្យ​មិន​ចាំបាច់​ធ្វើការ​ចុះ​ឈ្មោះ​ម្ដងទៀត និងផ្ដល់ភាព​រហ័យ​ដល់​ការ​ទូ​ទាត់​ដល់​មូល​ដ្ឋាន​សុខា​ភិបាល។

អ្នកស្រី មាន សុខហេង កម្មការិនីរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ និងកំពុងប្រើប្រាស់បណ្ណ ប.ស.ស. ពុំទាន់ស្គាល់ម៉ាស៊ីន NSSF Self Service ឬសាកល្បងប្រើនៅឡើយ ប៉ុន្តែសង្ឃឹមថា ម៉ាស៊ីននេះនឹងបម្រើប្រយោជន៍ដោយស្មើភាពគ្នាចំពោះអ្នកប្រើប្រាស់បណ្ណ ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ចិត្តក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានា។

អ្នកស្រីបន្ថែមថា បច្ចុប្បន្នការស្វែងរកសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលប្រើប្រាស់បណ្ណ ប.ស.ស. តែងជួបប្រទះភាពយឺតយ៉ាវ និងដំណើរការស្មុគ្រស្មាញ ពិសេសប្រើប្រាស់ពេលវេលាយូរ គឺមិនលឿនដូចអ្នកប្រើប្រាស់ថវិកានោះទេ។ ទោះយ៉ាងណានៅថ្ងៃអនាគតអ្នកស្រីសង្ឃឹមថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. និងអ្នកប្រើប្រាស់សាច់ប្រាក់ផ្ទាល់ គឺទទួលការថែទាំសុខភាពបានរហ័សទាន់ចិត្តដោយស្មើភាពគ្នា។

អ្នកស្រីក៏មិនភ្លេចអរគុណដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ព័ន្ធដែលបានធ្វើទំនើបកម្មប្រព័ន្ធប្រើប្រាស់បណ្ណ ប.ស.ស. ពិសេសការពង្រីកដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន NSSF Self Service សម្រាប់សមាជិកគ្រប់រូបអាចប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមបច្ចុប្បន្ន និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនៅលើពិភពលោក។

កាលពីខែមករា ឆ្នាំ២០២៦ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានទទួលម៉ាស៊ីនស្វ័យសេវាចំនួន ៥គ្រឿង ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។

ក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនស្វ័យសេវាខាងលើនេះ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលបានផ្ដល់ជំនួយម៉ាស៊ីនស្វ័យសេវា (Self-service Kiosk) ចំនួន ៥គ្រឿង ដល់ ប.ស.ស. សម្រាប់ដាក់ឱ្យប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលជាដៃគូ ប.ស.ស.។

លោកបានបញ្ជាក់ថា ការឧបត្ថម្ភគាំទ្រពីសំណាក់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ដែលអាចឆ្លើយតបចំគោលដៅរបស់ ប.ស.ស. នៃបរិវត្តកម្មឌីជីថលក្នុងវិស័យសន្តិសុខសង្គម ដែលនឹងជួយលើកកម្ពស់នៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។

ក្នុងនោះសមាជិក ប.ស.ស. អាចចុះឈ្មោះប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូបានដោយខ្លួនឯង និងអាចកាត់បន្ថយការរង់ចាំយូរ ពិសេសការកកស្ទះនៅពេលមានសមាជិកច្រើនទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។

ក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនស្វ័យសេវានេះ មានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. និងតំណាងរបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយលោកស្រី Kristina Knispel នាយកកម្មវិធីនៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ដែលប្រព្រឹត្តនៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *